សហព័ន្ធកីឡាម៉ូតូទឹក រកដំណោះស្រាយនាំក្រុមជម្រើសជាតិកម្ពុជា ពីថៃ មកហ្វឹកហាត់នៅកម្ពុជាវិញ

សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា កំពុងរកដំណោះស្រាយនាំយកសម្ភារ ឧបករណ៍ហ្វឹកហាត់ ព្រមទាំងក្រុមជម្រើសជាតិចំនួន ៧នាក់ ពីប្រទេសថៃ មកហ្វឹកហាត់នៅប្រទេសកម្ពុជាវិញ។ តាមការបញ្ជាក់របស់ សាលី អ៊ូមើត អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា​  ទីលានហ្វឹកហាត់ម៉ូតូទឹក​របស់កម្ពុជា នឹងបើកឲ្យប្រើប្រាស់សម្រាប់ការហ្វឹកហាត់ នៅអំឡុងខែមករា ឆ្នាំ២០២៦។

កីឡាម៉ូតូទឹក គឺជាកីឡាសក្ដានុពលមួយប្រភេទរបស់កម្ពុជា ដែលអត្ដពលិកជម្រើសជាតិ ធ្លាប់ឈ្នះមេដាយ និងពានរង្វាន់គ្រប់កម្រិតអន្ដរជាតិ ក្នុងនោះមានជើងឯកពិភពលោក មេដាយមាសស៊ីហ្គេម និងមេដាយមាសកីឡាអាស៊ី។

ដោយឡែក អត្ដពលិកកម្ពុជាមួយចំនួន ហ្វឹកហាត់ និងបណ្ដុះបណ្ដាលនៅប្រទេសថៃ។ ម្ចាស់មេដាយមាសស៊ីហ្គេម សាលី អ៊ូមើត ព្រមទាំងសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មានបំណងចង់នាំកីឡាករកម្ពុជាទាំងនោះ មកហ្វឹកហាត់នៅប្រទេសខ្លួនវិញ ជាយូរណាស់មកហើយ ពោលគឺតាំងពី៣ឆ្នាំមុន។ នៅអំឡុងឆ្នាំ ២០២៣ ប្រធានរងសហព័នរូបនេះ បានផ្ដួចផ្ដើមសាងសងទីលានហ្វឹកហាត់​នៅភូមិក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ លើផ្ទៃដីជាង ១០ហិតា។ មកទល់ពេលនេះ ទីលានហ្វឹកហាត់ ត្រូវសាងសងស្ទើររួចរាល់ទាំងស្រុងហើយ។ តាមការបញ្ជាក់ពី លោក សាលី អ៊ូមើត សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា គ្រោងបញ្ចប់ការសាងសងនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ហើយចាប់ដំណើរការហ្វឹកហាត់នៅខែមករា ឆ្នាំ២០២៦។ 

ម្ចាស់មេដាយមាសកីឡាអាស៊ីរូបនេះ អះអាងថា ទីលាននៅផ្ទៃទឹកបានរៀបចំរួចរាល់ ខណៈ នៅសល់ទីតាំងក្លិប ទីតាំងរក្សាម៉ូតូទឹក កន្លែងហាត់ប្រាណ និងកាយសម្បទា មិនទាន់ធ្វើហើយ។ អ្វី ដែលធ្វើឲ្យការសាងសងទីលានហ្វឹកហាត់ម៉ូតូទឹកកម្ពុជា រាំងស្ទះនោះ គឺដោយសារតែបញ្ហាព្រំដែនកម្ពុជា-ថៃ។ ប្រធានរងសហព័ន្ធរូបនេះ បានប្រាប់ថា រូបលោក មិនរំពឹងថាអាចនឹងមានបញ្ហាសង្គ្រាមព្រំដែនកើតឡើង ហើយឈានដល់ការបិទព្រំដែនឡើយ។ ឥវ៉ាន់ សម្ភារ និងឧបករណ៍ សម្រាប់សាងសងទីលានហ្វឹកហាត់មួយចំនួន ដែលបញ្ជាទិញពីប្រទេសចិន មិនទាន់មកដល់ ហើយត្រូវស្ទះនៅប្រទេសថៃ។ លោក អ៊ូមើត បានបញ្ជាទិញសម្ភារទាំងអស់នោះ មុនពេលមានបញ្ហាកើតឡើង ដែលហួសពីការរំពឹងទុករបស់ខ្លួន។ ប្រធានរងរូបនេះ កំពុងស្នើសុំក្រសួងពាក់ព័ន្ធឲ្យជួយដោះស្រាយទៅលើបញ្ហានេះ ក្នុងការនាំយកសម្ភារកម្ពុជា។

«ខ្ញុំ គ្រោងបើកឲ្យហ្វឹកហាត់នៅចុងឆ្នាំ២០២៥ ប៉ុន្ដែដោយសារតែសម្ភារ និងឥវ៉ាន់ ដែលយើងកុម្ម៉ង់មកពីប្រទេសចិន ដូចជាពោង ឥវ៉ាន់សម្រាប់បណ្ដុះបណ្ដាល និងហ្វឹកហាត់មកស្ដុកនៅប្រទេសថៃ។ នៅពេលយើងបញ្ជាទិញ ហើយឥវ៉ាន់មិនទាន់មកដល់ ប្រទេសយើងមានបញ្ហាព្រំដែន វាធ្វើឲ្យរអាក់រអួល។ យើងកំពុងរកដំណោះស្រាយកន្លែងនេះ ថាតើយើងត្រូវធ្វើយ៉ាងមិច ដើម្បីជញ្ជូនឧបករណ៍ ដែលយើងគ្រោងនឹងយកមកនេះតាមផ្លូវណា ដើម្បីងាយស្រួល។ យើង កំពុងសហការគ្នាជាក្រុម។»។ ប្រធានរងរូបនេះ បាននិយាយដូច្នេះ។

ចំណែកអត្ដពលិកជម្រើសជាតិកម្ពុជា កីឡាករម៉ូតូទឹក ៧នាក់ នៅមិនទាន់ត្រឡប់មកកម្ពុជាវិញ ដោយសាតែជាប់ហ្វឹកហាត់ និងជាប់ភារកិច្ចប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្ដរជាតិ។ ម្យ៉ាងវិញទៀតនោះ ទីតាំងហ្វឹកហាត់ មិនទាន់រួចរាល់អាចហ្វឹកហាត់បាន។ នេះ បើតាមការប្រាប់ពីលោក សាលី អ៊ូមើត៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top