កីឡាករ​ ម៉េត​ សុភត្រ្តា​ ការ​ហ្វឹកហាត់ធ្វើ​ឡើង​​ទ្វេដងចំពោះ​ការត្រៀម​​ប្រកួត​ជើងឯកពិភពលោក​លើក​នេះ​

កីឡាករ​ ម៉េត​ សុភត្រ្តា​ ថា​ការ​ត្រៀម​ខ្លួន​សម្រាប់​ជើងឯក​ពិភពលោក​ លើក​ទី៨​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ លើក​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ហ្វឹកហាត់​ខ្លាំង​ទ្វេដង​ឯណោះ​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត​ ព្រោះ​ជា​ការ​ប្រកួតធំ​ និង​លំបាក​ជាង​មុនៗ។​

ម៉េត សុភត្រ្តា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​លើក​នេះ​គឺ​មាន​ប្រទេស​ចុះឈ្មោះ​ចូលរួម​ច្រើន​ខុស​ពី​រាល់​ដង ដូច្នេះ​ការ​ប្រកួត​ប្រជែង​អាច​នឹង​តឹងតែង​ខ្លាំង​ក្នុង​ការ​ប្រជែង​មេដាយ។​ គិត​មក​ដល់​ពេល​នេះ​មាន​ប្រទេស​ចុះឈ្មោះ​ប្រហែល​ជាង​ ៣០​មក​ហើយ​ ស្របពេល​អាច​នឹង​មាន​ការ​ចុះឈ្មោះ​បន្តបន្ទាប់​។​

យ៉ាងណា​ក្រុម​ជម្រើស​ជាតិ​កម្ពុជាបាន​ប្រឹងប្រែង​ហ្វឹកហាត់​តាំង​តែ​ពី​ប្រមូលផ្ដុំ​របស់​ក្រសួង​អប់រំ​មក​​ម្ល៉េះ​ដោយ​មិន​បន្ធូរ​នោះ​ឡើយ។ ពោល​ការ​ហ្វឹកហាត់​គឺ​ដោយ​យក​ចិត្ត​ទុកដាក់​ និង​ហ្វឹកហាត់​ឡើង​ទ្វេដង​នៃ​ពីមុន​ៗ​ទៅ​ទៀត​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខ​នេះ។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯកវ៉ូវីណាម​ពិភពលោក​ ​​លើក​ទី៨​ នឹង​ធ្វើ​ឡើង​​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។​ កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ផង​ដែរ។​ ការ​ប្រកួតនៅ​ខែ​វិច្ឆិកា​នេះ​គឺជា​ការ​ប្រកួត​លើក​ទី៣​ ហើយ​សម្រាប់​ ម៉េត សុភត្រ្តា​​ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​នេះ​ស្រប​ពេល​លើក​ទី១​ ដែល​ខ្លួន​គឺ​នៅ​កម្ពុជា​ អំឡុង​ឆ្នាំ​២០១៩​ ដោយ​កាល​នោះ​រូប​គេ​ឈ្នះ​មេដាយ​ ៩គ្រឿង​ មាស១ ប្រាក់៣​ សំរឹទ្ធ៥។​ លើក​ទី២​ ធ្វើ​នៅ​ប្រទេស​វៀតណាម​ អំឡុង​ឆ្នាំ​២០២៣​ ដោយ​កាល​នោះ​រូប​គេ​ឈ្នះ​មេដាយ​ ៥គ្រឿង​ មាស១​ ប្រាក់​២ សំរឹទ្ធ២៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top