គ្រូ U23 កម្ពុជា ថា អ៉ីរ៉ាក់ល្អទាំងព្រម មុនជំនួបដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រ U23 ទ្វីបអាស៊ី យប់នេះ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមខ្លាំង U23 អ៉ីរ៉ាក់ នាម៉ោង ៧យប់ថ្ងៃទី០៩ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្នុងជំនួបបញ្ចប់វគ្គជម្រុះពូល G ដើម្បីកាត់សេចក្ដីក្រុមឡើងជុំផ្ដាច់ព្រ័ត្រ នៃជើងឯកបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) ឆ្នាំ២០២៦។

នេះគឺជាការប្រកួតដ៏សំខាន់ សម្រាប់ក្រុមទាំងពីរ ដែលត្រូវការពិន្ទុចាំបាច់ ដើម្បីមានឱកាសឡើងវគ្គបន្ដ ជាពិសេសក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវការជ័យជម្នះដាច់ខាត ហើយក៏ជាឧបសគ្គដ៏ធំផងដែរ ដ្បិតគ្រូបង្វឹកលោក Koji Gyotoku បានសរសើរការលេងរបស់ក្រុមជម្រើសជាតិអ៉ីរ៉ាក់ គឺល្អទាំងព្រម។

លោក Koji បានលើកឡើងថា «បើមើលការលេងរបស់ពួកគេ (U23 អ៉ីរ៉ាក់) ពួកគេល្អទាំងព្រមតែម្ដង ទាំងបច្ចេកទេស ទាំងតាក់ទិចលេង និងកាយសម្បទារបស់គេ គឺមើលឃើញថាគេធ្វើបានល្អ»។ បែបនេះក្ដីលោកបានប្ដេជ្ញាក្នុងការរៀបចំ និងជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ក្នុងជំនួបដ៏សំខាន់យប់នេះ។

គួរដឹងថា បច្ចុប្បន្នក្រុម U23 អ៉ីរ៉ាក់ កំពុងឈរកំពូលតារាង មាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា គ្រាដែលកម្ពុជា ឈរលេខ២ មាន ៤ពិន្ទុក្នុងដៃ។ ការណ៍នេះ អ៊ីរ៉ាក់ត្រូវការត្រឹម ១ពិន្ទុប៉ុណ្ណោះ ដើម្បីធានាកៅអីជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC U23 Asian Cup 2026 ខណៈម្ចាស់ផ្ទះកម្ពុជា ត្រូវការឈ្នះដាច់ខាត់ ទើបអាចឡើងវគ្គបន្ដ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top