វីរបុរស Real Madrid លោក Luis Figo បានជ្រើសរើសខ្សែបម្រើ Pedri ជាកីឡាករម្នាក់គត់ ដែលលោកពេញចិត្តចង់ឱ្យផ្ទេរពី Barcelona ទៅកាន់ទឹកដី Santiago Bernabeu។
ជាការពិត Barcelona និង Real Madrid គឺជាគូប្រជែងដ៏តឹងតែងនឹងគ្នាអស់រយៈពេលជាយូរមកហើយ នៅក្នុងលីគ La Liga របស់ អេស្ប៉ាញ។ ជាធម្មតា គឺកម្រមានកីឡាកររបស់ក្លិបទាំង ២ ផ្លាស់ប្តូរក្លិបគ្នាលេងទៅវិញទៅមកណាស់។ លើកលែងតែកីឡាករប៉ុន្មាននាក់ប៉ុណ្ណោះ ដូចជាលោក Ronaldo Nazario, Alfonso Albéniz, កីឡាករមួយចំនួនទៀត និងលោក Luis Figo នេះឯង។
ថ្លែងនៅក្នុងកិច្ចសម្ភាសមួយ លោក Figo ត្រូវបានគេស្នើឱ្យជ្រើសរើសកីឡាករ Barcelona ម្នាក់ ដែលលោកពេញចិត្តចង់ឱ្យផ្ទេរមកកាន់ Real Madrid។ ភ្លាមនោះ លោកបានឆ្លើយតបមកវិញដោយមិនលាក់លាម ថា Pedri។ លោក Figo បានមានប្រសាសន៍ ថា៖ «ប្រសិនបើឱ្យខ្ញុំចុះកិច្ចសន្យានរណាម្នាក់ពី Barcelona ទៅ Real Madrid ម្នាក់នោះគឺជា Pedri។ គាត់គឺមានទំនុកចិត្ត និងជាកីឡាករដ៏សំខាន់នៅក្នុងក្រុមរបស់ពួកយើង»។
យ៉ាងណាមិញ នេះគ្រាន់តែជាទស្សនៈលើកឡើងរបស់លោក Figo ប៉ុណ្ណោះ អំពីកីឡាករដែលលោកពេញចិត្តចង់ឱ្យផ្ទេរពីទឹកដី Camp Nou ទៅកាន់ទឹកដី Satiago Bernabeu។ ប៉ុន្តែ បើមើលអំពីតថភាពជាក់ស្តែង គឺមិនអាចទៅរួចនោះទេ ព្រោះក្លិបទាំងពីរ គឺជាគូប្រជែងនឹងគ្នា ហើយបើកីឡាករបច្ចុប្បន្នវិញ ក៏មិនមាននរណាម្នាក់មានឆន្ទៈចង់ផ្ទេរទៅនោះដែរ៕
ប្រភព៖ KAMPUCHEATHMEY