ទុយនេស៊ី និងម៉ារុក ជាក្រុមកីឡាបាល់ទាត់ពីរក្រុមដំបូងពីតំបន់អាហ្វ្រិក ដែលទទួលបានកៅអីទៅ FIFA World Cup ឆ្នាំ ២០២៦។ គិតមកទល់ពេលនេះ គេបានរកឃើញក្រុមចំនួន ១៥ហើយ កក់សំបុត្រទៅអាម៉េរិក កាណាដា និងម៉ិកស៊ិកដែលជាសហម្ចាស់ផ្ទះ។
អំឡុងការប្រកួតវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកតាមបណ្តាទ្វីបនានាក្នុងខែកញ្ញា គេបានរកឃើញក្រុមកើនឡើងចំនួន១៥ ក្នុងនោះ ៦ក្រុមពីទ្វីបអាស៊ី ឡាទីន៦ក្រុម អាហ្វ្រិក២ក្រុម និងអូសេអានី១ក្រុម បានកៅអី World Cup ឆ្នាំ ២០២៦ ដែលបង្កើនចំនួនក្រុមដល់៤៨លើកដំបូង និងមានសហម្ចាស់ផ្ទះដល់ទៅ៣។
ទ្វីបអាស៊ី (AFC) ដែលមានកូតា ៨ក្រុមកន្លះ បានរកឃើញ ៦ក្រុមហើយរួមមាន ជប៉ុន អ៊ីរ៉ង់ អ៊ូសបេគីស្ថាន កូរ៉េខាងត្បូង ហ្ស៊កដានី និងអូស្ត្រាលី។ អាម៉េរិកឡាទីន (CONMEBOL) ដែលទទួលបាន៦ក្រុមកន្លះ បានរកឃើញ៦ក្រុមហើយ ដែលរួមមាន ម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន អេក្វាទ័រ ប្រេស៊ីល អ៊ុយរ៉ូហ្គាយ ប៉ារ៉ាហ្គាយ និងកូឡុំប៊ី។
ពីទ្វីបអាហ្វ្រិក (CAF) ដែលទទួលបានកូតា៩កៅអីកន្លះ ទើបរកឃើញ២ក្រុមទេ មានម៉ារុក និងទុយនេស៊ី។ អូសេអានី(OFC) ដែលទទួលបានកូតា ១ក្រុមកន្លះ រកឃើញមួយក្រុមហើយគឺនូវែលសេឡង់។
ចំណែក ទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF)ដែលទទួលបានកូតា ៣កៅអី និងកន្លះកៅអី២ក្រុម មិនទាន់រកឃើញក្រុមជាប់វគ្គជម្រុះនៅឡើយទេ ក្រៅពី អាម៉េរិក កាណាដា និងម៉ិកស៊ិក ដែលជាសហម្ចាស់ផ្ទះ។
សម្រាប់ទ្វីបអឺរ៉ុប (UEFA) ដែលទទួលបានកៅអីច្រើនជាងគេចំនួន១៦ នៅមិនទាន់រកឃើញក្រុមណាមួយឡើងទៅជុំផ្តាច់ព្រ័ត្រ World Cup 2026 នៅឡើយ ដ្បិតស្ថិតក្នុងវគ្គជម្រុះតាមពូល។
គិតត្រឹមខែកញ្ញានេះ ទាំងហសម្ចាស់ផ្ទះ៣ និងក្រុមជាប់វគ្គជម្រុះចំនួន១៥ សរុប១៨ បានកៅអីរួចស្រេច ខណៈ ៣០ក្រុមទៀត ត្រូវប្រកួតប្រជែងវគ្គជម្រុះតាមទ្វីប និងប្រកួតជម្រុះអន្តរទ្វីប៕
ប្រភព៖ THMEYTHMEY