ស្មាត់ធំរបស់ក្រុមបាល់ទះជម្រើសជាតិ ប៉ូឡូញ កីឡាករ Wilfredo Leon នៅតែរក្សាភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតកីឡាបាល់់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ ២០២៥ បើទោះបីជាមានអាយុច្រើនជាងគេក្នុងចំណោមស្មាត់កំពូលទាំង ៥ ប្រចាំព្រឹត្តិការណ៍។
ការប្រកួតពានបាល់ទះជើងឯកពិភពលោក ២០២៥ បានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅប្រទេសហ្វីលីពីន ក្នុងនោះក្រុមជើងឯកបានទៅលើ ក្រុមបាល់ទះជម្រើសជាតិអ៉ីតាលី ចំណាត់ថ្នាក់លេខ ២ បានទៅក្រុមប៊ុលហ្គារី និងលេខ ៣ បានទៅក្រុមប៉ូឡូញ។
ក្រឡេកមកមើលការប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺមានកីឡាករឆ្នើមៗលេចធ្លោជាច្រើន ហើយបើមើលទៅលើកីឡាករលេងក្នុងតួនាទីស្មាត់វិញ គួរឱ្យចាប់អារម្មណ៍ច្រើនទាំងក្មេង និងចាស់វស្សា។ ស្មាត់ចំនួន ៧ រូប បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ជាអ្នករកបានពិន្ទុច្រើនជាងគេបំផុតប្រចាំព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ឆ្នាំ ២០២៥។
ស្មាត់របស់ ប៊ុលហ្គារី Aleksandar Nikolov អាយុ២១ឆ្នាំ ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដោយរកបានពិន្ទុច្រើនជាងគេ រហូតដល់ទៅ ១៧៣ ពិន្ទុ។ ស្មាត់របស់ ប៊ែលហ្ស៊ិក Ferre Reggers អាយុ ២២ឆ្នាំ និង ស្មាត់របស់ឆេក Patrik Indra អាយុ ២៧ឆ្នាំ ស្ថិតនៅលេខ ២ រកពិន្ទុបានចំនួន ១០៦ ពិន្ទុដូចគ្នា។ ស្មាត់របស់ឆេក Lukas Vasina អាយុ២៦ឆ្នាំ ស្ថិតនៅលេខ ៣ រកបានចំនួន ៩៨ ពិន្ទុ។
ស្មាត់របស់ក្រុមជម្រើសជាតិ អ៉ីរ៉ង់ Hajipour ស្ថិតលេខ ៤ រកបានចំនួន ៩៤ ពិន្ទុ។ កីឡាករ Wilfredo Leon ស្មាត់របស់ក្រុមជម្រើសជាតិ ប៉ូឡូញ អាយុ ៣២ឆ្នាំ ដែលមានវ័យច្រើនជាងគេក្នុងចំណោមស្មាត់កំពូលទាំង ៥ រកបាន ៩៣ ពិន្ទុ ស្មើនឹង ស្មាត់របស់ អ៉ីតាលី Alessandro Michieletto អាយុ ២៣ឆ្នាំ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដូចគ្នា ៕
ប្រភព៖ KAMPUCHEATHMEY



