ជំនួបដ៏កក្រើកតាំងពីទឹកទី១ ដល់ទឹកទី៥ លទ្ធផលចុងក្រោយកីឡាករ ឡៅ សៃណេត នៅតែមិនអាចយកឈ្នះលើដៃគូចាស់ មហាម៉ាត់ ក្នុងជំនួបដណ្ដើមខ្សែក្រវាត់ XTREME CAMBODIA KUN KHMER កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសង្វៀនហង្សមាស។
គូសងសឹក និងដណ្ដើមខ្សែក្រវាត់ខាងលើនេះគឺមិនបណ្ដោយឲ្យនាទីដើរដោយអត់ប្រយោជន៍នោះឡើយ ពោលតាំងពីទឹកទី១ មកគឺបើកការប្រយុទ្ធគ្នារហូតតែម្ដង។ ម្នាក់ៗចេញអស់ក្បាច់ស្នៀតដែលខ្លួនមានហើយ ព្រោះចង់ឈ្នះខ្សែក្រវាត់ផង និងដណ្ដើមកេរ្តិ៍ឈ្មោះពីគ្នាជាថ្មីទៀត។
យ៉ាងណាក្រោយបញ្ចប់ការប្រកួតទាំង ៥ទឹក ចៅក្រមដាក់ពិន្ទុមើលឃើញថាជ័យជម្នះបានទៅកីឡាករអាហ្វនីស្ថាន មហាម៉ាត់ ដដែល។ ដូច្នេះការខំប្រឹងទាំងការហ្វឹកហាត់ និងការប្រកួតរបស់ ឡៅ សៃណេត នៅតែមិនទាន់ឈ្នះសងសឹងលើ មហាម៉ាត់ វិញបាន។
ក្រោយបញ្ចប់ការប្រកួតគេឃើញនៅលើបណ្ដាញសង្គមមានការជជែកវែកញែកគ្នាច្រើនអំពីលទ្ធផលចៅក្រុមសម្រេចឲ្យ មហាម៉ាត់ ឈ្នះដោយលទ្ធផល ៥-០ អំឡុងពេលនោះ។ អ្នកគាំទ្រមួយចំនួននៅតែមិនទាន់យល់ត្រង់ចំណុច នៃចៅក្រមសម្រេចឲ្យចាញ់ដោយឯកច្ឆន្ទទើបមានការជជែកវែកញែកអំពីលទ្ធផលរបស់ សៃណេត។
ជាមួយគ្នានោះលោក ឡៅ ស៊ីណាត ដែលជាពូបង្កើតរបស់ ឡៅ សៃណេត បានស៊ែរូបភាព នៃការប្រកួតរបស់ក្មួយអមដោយសំណេរថា «កីឡាមានតែប៉ុណ្ណឹង បើមិនឈ្នះ គឺចាញ់»។ លោកក៏បានបកស្រាយខ្លះដែរអំពីលទ្ធផលចៅក្រុមឲ្យចាញ់ ៥-០ នេះថាដោយសារតែចៅក្រមដាក់ពិន្ទុទាំង៥ មើលឃើញថាចាញ់ដូចៗគ្នាទើបចេញលទ្ធផលមកបែបនេះ។
បញ្ជាក់ដែរថា កីឡាករ ឡៅ សៃណេត បានចាញ់កីឡាករ មហាម៉ាត់ ចំនួន ២លើកហើយក្នុងជំនួបដណ្ដើមខ្សែក្រវាត់។ លើកទី១ ខ្សែក្រវាត់ DAZZ ចាញ់ដោយអាជ្ញាកណ្ដាលបញ្ឈប់ក្នុងទឹកទី៤ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅសង្វៀន TV5។ លើកទី២ ខ្សែក្រវាត់ XTREME CAMBODIA KUN KHMER ចាញ់ដោយពិន្ទុ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសង្វៀនហង្សមាស៕
ប្រភព៖ KAMPUCHEATHMEY



