លើសពីកីឡា! ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ នឹងមានពិនិត្យសុខភាពជូនស្ដ្រីទូទៅដោយឥតគិតថ្លៃ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំ២០២៥ ដែលជាកម្មវិធីរត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ នឹងត្រូវរៀបចំជាលើកទី៣ នាថ្ងៃទី១៩ ខែតុលាខាងមុខ នៅសួនច្បារមុខវត្តបទុមវតី ខណៈក្រៅពីការរត់កម្សាន្ដ និងសុខភាព គណៈកម្មការ និងដៃគូពាក់ព័ន្ធ ក៏នឹងមានរៀបចំពិនិត្យស្វែងរកជំងឺមហារីកសុដន់ ជូនដល់ស្ដ្រីទូទៅដោយឥតគិថ្លៃផងដែរ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដានេះថា នេះជាលើកទី៣ ហើយ ដែល NOCC ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះរៀងរាល់ឆ្នាំ ព្រមទាំងបានចង្អុលបង្ហាញឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធសហការរៀបចំព្រឹត្តិការណ៍នេះ ដែលផ្ដោតសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាល់ជំងឺមហារីកសុដន់។ លោកបន្ដថា «គោលបំណងធំនៃការរៀបចំព្រឹត្តិការណ៍នេះ គឺការរត់ដើម្បីគាំពារស្ដ្រីទាក់ទងនឹងជំងឺមហារីកសុដន់ ហើយមួយវិញទៀត គឺរត់ដើម្បីសប្បុរសធម៌ ដែលជាគោលការណ៍ដ៏សំខាន់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ។ តែអ្វីដែលសំខាន់ នៅកម្មវិធីដែលមិនធ្លាប់មាននោះ គឺលក្ខណៈពិសេសនៃព្រឹត្តិការណ៍របស់យើង ដែលជួយដល់សុខភាពរបស់ស្ដ្រីនេះតែម្ដង។ ដូច្នេះយើងសង្ឃឹមថា នឹងមានការចូលរួមច្រើនកុះករពីស្ដ្រីទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ»។ ជារួមព្រឹត្តិការណ៍ខាងលើ គឺលើសពីកម្មវិធីកីឡា លើសពីការរត់ប្រណាំង ដែលជាការលើកកម្ពស់សុខុមាលភាពក្នុងសង្គម ជាក់ស្ដែងក្រៅពីការចុះឈ្មោះចូលរួមរត់កម្សាន្ដ រយៈពេល ៣ថ្ងៃមុនការប្រកួតផ្លូវការ […]










