សួន ចាន់ណារ៉ូ «អ្នកប៉ះសេត្រូវចិត្តឲ្យដាច់» ជាពាក្យដែលរូបគេកំពុងបង្ហាត់បង្រៀនសិស្សប្អូន
កីឡាករចាស់វស្សាក្នុងវិស័យបាល់ទះនៅកម្ពុជា សួន ចាន់ណារ៉ូ គេឃើញកំពុងតែបង្រៀនសិស្សប្អូនៗដែលជាដៃប៉ះសេឲ្យមានសមត្ថភាពរីកចម្រើនអាចឈានជាកីឡាករល្អលំដាប់កំពូលមួយរូបនៅថ្ងៃអនាគត។ ថ្មីៗនេះគេឃើញ សួន ចាន់ណារ៉ូ បានបង្ហោះវីដេអូច្រើនដែលកំពុងបង្ហាត់បង្រៀន និងចែករំលែកបទពិសោធដែលខ្លួនមានរាប់ឆ្នាំមកនេះដល់ដៃប៉ះសេជំនាន់ក្រោយដូចជា កែវ ស្រេងលីហួរ យ៉ុន ខេមរៈ និង ណែក ផានិត ។ លើកយកឃ្លាមួយដែលសំខាន់ក្នុងបង្ហាត់ទាំងនោះគឺ «យើងអ្នកប៉ះសេត្រូវចិត្តឲ្យដាច់ យើងជាក្បាលម៉ាស៊ីននាំលេងកុំភ័យ កុំបារម្ភ»។ ក្នុងន័យនេះ សួន ចាន់ណារ៉ូ ចង់ឲ្យសិស្សប្អូនៗធ្វើចិត្តឲ្យបានរឹងមាំ ពង្រឹងស្មារតីឲ្យបានល្អ ព្រោះពួកគេជាអ្នកដឹកនាំការលេង។ ប្រសិនបើចិត្តច្របូកច្របល់មិនដឹងបោះទៅឲ្យអ្នកណានោះអ្នកចាំទទួលបាល់ដើម្បីវាយផ្ដាច់ក៏មិនដឹងថាត្រូវលេងយ៉ាងដូចម្ដេចដែរ។ ត្រង់ចំណុចនេះហើយដែល ណារ៉ូ សង្កត់ធ្ងន់នោះអ្នកប៉ះសេជាតួនាទីសំខាន់នាំក្រុមលេង ដូច្នេះត្រូវតែច្បាស់លាស់ទើបក្រុមលេងបានល្អ។ ក្រៅតែពីពង្រឹងផ្នែកស្មារតីហើយនោះ ណារ៉ូ ក៏មានជាការបង្រៀនលេងឲ្យមានភាពរហ័សរហួន និងបច្ចេកទេសហាត់យកកម្លាំងម្រាមដៃ និងមេរៀនសំខាន់ៗនៃការប៉ះសេនេះជាច្រើនទៀតដល់សិស្សប្អូនទាំង ៣នាក់ខាងលើ។ នេះជាឱកាសល្អមួយកម្ររកបានចំពោះយុវជនដែលទទួលបានបទពិសោធលេងយ៉ាងច្បាស់លាស់មានទាំងក្នុងស្រុក ក្រៅស្រុក ការប្រកួតតូចធំកន្លងមកត្រូវបានចែករំលែកនៅពេលនេះ។ បញ្ជាក់ដែរថា សួន ចាន់ណារ៉ូ ជាអតីតដៃប៉ះសេរបស់ក្រុមបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា។ មហាជនចាត់ទុករូបគេជាកីឡាករប៉ះសេលំដាប់លេខ១ នៅកម្ពុជាដែលមានថ្វីដៃល្អដាច់គេមិនទាន់មានអ្នកអាចស្នងបាននៅឡើយ។ ថ្មីៗនេះ ណារ៉ូ ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាកោះហៅឲ្យចូលហ្វឹកហាត់ឡើងវិញដើម្បីជួយដល់ក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម លើកទី៣៣ ចុងឆ្នាំ២០២៥ នេះ និងជាឱកាសបង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយពង្រឹងសមត្ថភាពផង៕ […]







