លោក Michael Campbell ជាកីឡាករវាយកូនហ្គោលសញ្ជាតិនូវែលហ្សេឡង់-អូស្ត្រាលីដ៏ល្បីល្បាញទូទាំងពិភពលោក នឹងមកចូលរួមប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិ«ជើងឯកវឌ្ឍនៈឡេជិន» ដ៏ធំផុតលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីលាន វឌ្ឍនៈ ហ្គោល រីហ្សត ក្នុងរាជធានីភ្នំពេញ។
លោក Michael Campbell ដែលមានកេរ្ត៍ឈ្មោះបោះសំឡេងល្បីល្បាញទូទាំងពិភពលោក បន្ទាប់ពីលោកបានឈ្នះពានរង្វាន់ U.S Open ដែលជាពានរង្វាន់កីឡាវាយកូនហ្គោលធំបំផុតនៅក្នុងពិភពលោក។
កាលពីឆ្នាំ ២០០៥ ព្រឹត្តិការណ៍ប្រកួត U.S Open មានកីឡាករចំនួន ១៥៦នាក់មកពីទូទាំងពិភពលោក ហើយមានការប្រកួត៤ជុំ។ នៅជុំចុងក្រោយមានកីឡាករតែ១០នាក់ប៉ុណ្ណោះ ហើយលោក Michael Campbell ធ្វើបានល្អបំផុតយកឈ្នះលើកំពូលកីឡាករវាយកូនហ្គោលលេខ១លើគឺ លោក Tiger Woods ដើម្បីក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍បំផុតសម្រាប់អាជីពរបស់លោកដោយទទួលបានប្រាក់រង្វាន់ ១.១៧០.០០០ដុល្លារអាមេរិក ហើយលោក Tiger Woods ទទួលបានចំណាត់ថ្នាក់លេខ២។
ពានរង្វាន់ធំៗផ្សេងទៀតដែល Michael Campbell ឈ្នះគឺ PGA Tour ១លើក, ជើងឯកទ្វីបអឺរ៉ុប European Tour ៨ លើក, ជើងឯកទ្វីបអាស៊ី Asian Tour ១ លើក, ជើងឯក PGA Tour of Australasia ៧ លើក និងជើងឯក Chelleng Tour ៣ លើក។
ឥឡូវនេះក្នុងវ័យ៥៦ឆ្នាំជាវីរបុរសកីឡាវាយកូនហ្គោលមួយរូប លោក Michael Campbell នឹងធ្វើដំណើរមកប្រកួតនៅកម្ពុជាដែលត្រូវជួបវីរបុរសជាច្រើនដូចជា លោក David Fichardt ជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប European Tour ៥សម័យកាល។ លោក Phillip Price ជាម្ចាស់ជើងឯក Legends Tour ៣សម័យកាល។ លោក Hend ជាម្ចាស់ជើងឯក DP World Tour ៣សម័យកាល។ លោក Jamie Donaldson ជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប European Tour ៣សម័យកាល។ លោក David Howell ជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប European Tour ៥សម័យកាល និង លោក Stephen Dodd ជាម្ចាស់ជើងឯក Legends Tour ៤សម័យកាល ជាដើម។
តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកាប្រកួតជើងឯកលំដាប់ពិភពលោក កម្ពុជាកំពុងប្រកាសប្រាប់ពិភពលោកថា៖ «យើងជាទិសដៅសកលដ៏លេចធ្លោមួយ»។
ជាការបំផុសគំនិតសម្រាប់យុវជនជំនាន់ក្រោយ និងជាឱកាសដ៏កម្រមួយសម្រាប់យុវជនកម្ពុជាបានឃើញភាពលេចធ្លោកម្រិតពិភពលោកនៅលើទឹកដីរបស់ខ្លួន។ នេះជាឱកាសសម្រាប់បដិសណ្ឋារកិច្ច និងវប្បធម៌—ដែលតំណាងដោយក្រុមហ៊ុន ទីលានវាយកូនហ្គោល វឌ្ឍនៈហ្គោលរីហ្សត ដែលបញ្ចូលកេរដំណែលវប្បធម៌ខ្មែរ—ត្រូវបានផ្សព្វផ្សាយជាអន្តរជាតិ ពង្រឹងកេរ្តិ៍ឈ្មោះកម្ពុជាសម្រាប់ការរួបរួម និងការរីកចម្រើន។ ព្រឹត្តិការណ៍ជើងឯកនេះកំពុងបើកទំព័រថ្មីសម្រាប់ទេសចរណ៍ និងកីឡាកម្ពុជា ព្រមទាំងពង្រឹងចំណងមិត្តភាពអន្តរជាតិជាលំដាប់
ការរៀបចំព្រឹត្តិការណ៍នេះនៅ ទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត គឺជាភស្តុតាងដែលថាកម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំ និងបង្ហាញពីភាពរីកចម្រើនរបស់ខ្លួនជាទិសដៅទេសចរណ៍ និងកីឡាដ៏ប្រណីត។
ជើងឯកវឌ្ឍនៈឡេជិនមិនត្រឹមតែផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្សាយទៅកាន់ទ្វីបអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗដើម្បីឲ្យឃើញពីសក្តានុពលកម្ពុជា។ ប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោកជាច្រើននឹងផ្សាយបន្តពីកម្ពុជាមានដូចជា Sky Sports, GOLF, CANEL+, VIASAT SPORT និង Super Sport ជាដើម៕
ប្រភព៖ KAMPUCHEATHMEY



