កីឡាជឺជីតស៊ូកម្ពុជា ឈ្នះមេដាយមាស ២ ប្រាក់ ១ ពីការប្រកួត Grand Slam កម្រិតពិភពលោកនៅចិន
ក្រុមកីឡាករជឺជីតស៊ូកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ ទទួលបានមេដាយចំនួន ៣ គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូអាជីពក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក Abu Dhabi Grand Slam Jiu-Jitsu World Tour 2025–2026 នៅប្រទេសចិន។ លោក Jasper Paas អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានផ្តល់រូបភាព និងព័ត៌មានខ្លះៗមកកាន់«កម្ពុជាថ្មី»ថា កីឡាករជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា ធ្វើបានយ៉ាងល្អឥតខ្ចោះដោយគិតចាប់ពីការប្រកួតដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ រូបគេបានឃ្លេដៃគូឲ្យចុះចាញ់ទាំងអស់ដើម្បីទទួលបានមេដាយមាស។ ជាមួយគ្នានេះ កីឡាករបរទេសហ្វឹកហាត់កម្ពុជាប្រកួតតំណាងឲ្យក្លិបកម្ពុជា CamEd Jiu Jitsu Club ក៏ទទួលបានមេដាយមាសដែរ។ អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជារូបនេះបានសង្កត់ធ្ងន់ថា អ្វីដែលថ្នាក់ដឹកនាំ និងលោកផ្ទាល់មានមោទនភាពបំផុតគឺការបណ្តុះបណ្តាលថ្នាលយុវជនទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ។ កីឡាករអាយុ១៥ឆ្នាំ មឿនលីម សុវិរៈ ដែលជាថ្នាលយុវជនរបស់សហព័ន្ធ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ។ កីឡាករថ្នាលវ័យ ១៥ឆ្នាំ មឿនលីម សុវិរៈ បានបោះជំហ៊ានទៅវគ្គផ្តាច់ព្រ័ត្រ និងទទួលបានមេដាយប្រាក់ បន្ទាប់ពីចាញ់យុវជនប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ។ ទោះជាមិនបានមេដាយមាស ប៉ុន្តែនេះជាផ្លែផ្កាដ៏សំខាន់នៃការបណ្តុះបណ្តាលថ្នាលយុវជន ហើយឈានដល់ការប្រកួតកម្រិតពិភពលោក ដូច្នេះរូបគេជាទំពាំងដ៏ល្អសម្រាប់អនាគតជម្រើសជាតិ។ […]





