ខ្សែប្រយុទ្ធស្លាប Man United ម្នាក់ ជិតសម្រេចកិច្ចព្រមព្រៀងផ្លាស់ទៅ Chelsea ជាផ្លូវការ
ខ្សែប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Alejandro Garnacho កាន់តែខិតជិតក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុមតោខៀវ Chelsea នៅរដូវក្តៅនេះ។ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Chelsea កំពុងកៀកក្នុងការចុះកិច្ចសន្យាយកបានខ្សែប្រយុទ្ធស្លាបសញ្ជាតិ អាហ្សង់ទីន Garnacho នៅរដូវក្តៅនេះជាផ្លូវការ។ ប្រភពដដែលបានបន្ថែមថា ភាគីក្លិបទាំង ២ បានព្រមគ្នាចំពោះការផ្ទេរនេះក្នុងតម្លៃ ៥៤ លានដុល្លារអាមេរិក។ ដោយឡែកខាងភាគីកីឡាករវិញ ក៏ពេញចិត្តសម្រាប់ការផ្ទេរមួយនេះផងដែរ ដោយកន្លងមក ខ្សែប្រយុទ្ធស្លាបវ័យ ២១ ឆ្នាំ មានឆន្ទៈចង់ចូលរួមជាមួយក្រុម ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍តែមួយគត់។ គួរឱ្យដឹងថា Garnacho ជាកីឡាករម្នាក់ ដែលត្រូវបានបណ្តុះដោយក្រុមថ្នាលរបស់ Man United តែម្តង។ រូបគេត្រូវបានគេចាត់ទុកជាកីឡាករ ដែលមានទេពកោសល្យម្នាក់របស់ក្រុមបិសាចក្រហម ប៉ុន្តែដោយសារបញ្ហារកាំរកូសមិនចុះសម្រុងជាមួយគ្រូបង្វឹកលោក Ruben Amorim នាមួយរយៈចុងក្រោយនេះ បូកផ្សំក្លិបកំពុងមានបញ្ហាហិរញ្ញវត្ថុផងនោះ ក៏បានធ្វើរូបគេស្ថិតក្នុងបញ្ជីលក់ចេញរបស់ក្លិបនៅរដូវក្តៅនេះ៕ ប្រភព៖ KAMPUCHEATHMEY
ខ្សែប្រយុទ្ធស្លាប Man United ម្នាក់ ជិតសម្រេចកិច្ចព្រមព្រៀងផ្លាស់ទៅ Chelsea ជាផ្លូវការ Read More »