ក្រុម Esports កម្ពុជា ប្តេជ្ញាស្វែងរកមេដាយជូនជាតិពីកីឡាស៊ីហ្គេម នៅថៃ ទោះមានវិបត្តិ
ថ្នាក់ដឹកនាំ និងអត្តពលិកនៃកីឡាអេឡិចត្រូនិកកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ។ ក្រោយចូលរួមក្នុងពិធីសំណេះសំណាល់ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសគឺក្នុងនាមជាសហគមអាស៊ាន និងគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកមានប្រសាសន៍ថា ៖«សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសម្រេចបញ្ជូន ២ ក្រុមលើវិញ្ញាសា Mobile Legends Bang Bang គឺ ក្រុមបុរស និងក្រុមនារី ទៅចូលរួមប្រកួត។ មួយវិញទៀត ការចូលរួមនេះ ដូចដែលកីឡាករ កីឡាការិនីបានដឹងក្នុងពិធីសំណេះសំណាល់ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជូន ណារ៉ុន គឺយើងចូលរួមក្នុងនាមជាសហគមតំបន់អាស៊ាន។ ថៃនឹងមើលថែយើងដូចជាប្រតិភូខ្មែរដូចជាប្រតិភូរបស់ប្រទេសផ្សេងទៀតដែរ។ សម្រាប់ការចូលរួមនេះគឺយើងគោរពតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺយើងចូលរួមដោយស្ម័គ្រចិត្ត»។ សមាជិកម្នាក់ក្នុងក្រុមកីឡាការិនីអេឡិចត្រូនិកជម្រើសជាតិកម្ពុជាបាននិយាយថា ៖«ពួកយើងនឹងខិតខំធ្វើឲ្យបានល្អដើម្បីយកមេដាយជូនជាតិ។ យើងទៅចូលរួមប្រកួតក្នុងនាមជាអ្នកកីឡាដោយគ្មានការភ័យខ្លាច។ សូមបងប្អូនអ្នកគាំទ្រផ្តល់កម្លាំងចិត្តដល់ពួកខ្ញុំផង»។ ដោយសមាជិកក្នុងក្រុមបុរសបាននិយាយថា ៖«ខ្ញុំចង់ទៅប្រកួតដើម្បីស្វែងរកមេដាយមែនទែន។ យើងមានអារម្មណ៍ព្រួយបារម្ភដែរ […]










